top of page

សម្អាតទ្វារមាស និងខោក្នុងមិចឱ្យបានត្រឹមត្រូវ?

ធម្មតាសម្រាប់មនុស្សស្រីយើង ពេលមានអ្វីមិនប្រក្រតីពាក់ពន្ធ័នឹងទ្វារមាស ទោះតិចតួចក្តី វានឹងធ្វើឱ្យយើងមានការព្រួយបារម្ភ ទំនុកចិត្តធ្លាក់ក្តុកៗ។


បើអាច យើងគួរព្យាយាមចំណាយពេលយកចិត្តទុកដាក់ថែរក្សាអនាម័យខ្លួនប្រាណយើង ជាពិសេសគឺខោក្នុងរបស់យើង។ ពេលអ្នកមានអារម្មណ៍រមាស់ជាដើម ការផ្លាស់ប្តូរខោក្នុងញឹកញាប់អាចជួយកាត់បន្ថយការរមាស់បានដែរ។


ធ្លាក់សតិចៗជារឿងធម្មជាតិ ហើយទ្វារមាសជាធម្មតាគឺមានក្លិនធម្មជាតិរបស់វា បើអ្នកមានអារម្មណ៍ថាក្លិនខុសធម្មតា គួរកុំប្រើផលិតផលសម្អាត ឬ បន្លប់ក្លិនផ្តេសផ្តាស តែព្យាយាមទៅរកគ្លីនិកពិនិត្រមើលក្រែងមានឡើងបាក់តេរីមិនល្អ ផ្សិត កាមរោគ ដែលអ្នកគួរព្យាបាលឱ្យបានកាន់តែឆាប់។


តាមពេទ្យជំនាញ គេមិនដែលចេះតែណែនាំស្រ្តីប្រើផលិតផលទឹកអនាម័យ ឬ លាងសម្អាតអ្វីនោះទេ ព្រោះទ្វារមាសយើងមិនត្រូវការជំនួយបែបនោះឡើយ។ វាមានបាក់តេរីល្អស្រាប់ក្នុងទ្វារមាស និងស្បូនចេះលាងសម្អាតខ្លួនវាពីខាងក្នុងមកក្រៅ នេះជាភាពវ័យឆ្លាតពីធម្មជាតិរបស់ប្រពន្ធបន្តពូជរបស់យើង។


បើមានបញ្ហាឡើងររមាស់ ឬ ធ្លាក់សប្រែពណ៌គឺគេប្រញាប់ទៅគ្លីនិក ទទួលយកថ្នាំ និងព្យាបាល តែទោះជាពេទ្យណែនាំប្រើផលិតផលទឹកអនាម័យផ្សេងៗក្តី នៅក្នុងស្រុកខ្មែរ អ្នកទាំងអស់គ្នាត្រូវពិចារណាម្តងហើយម្តងទៀតមុននឹងសម្រេចចិត្តជ្រើសរើសប្រើ។ ជាពិសេសពាណិជ្ជកម្ម និងការផ្សព្វផ្សាយបន្លប់ផ្សេងៗ។


ការលាងសម្អាតដែលត្រឹមត្រូវ

ការលាងសម្អាតទ្វារមាសដែលត្រឹមត្រូវ គឺលាងសម្អាតនឹងទឹកស្អាតធម្មតា មិនចាំបាច់ប្រើសាប៊ូអ្វីទាំងអស់ ក៏មិនមែនយកទឹកផ្កាឈូកទៅបាញ់ ឬ ដាក់ជិតទ្វារមាសដែលព្រោះវាអាចធ្វើឱ្យបាក់តេរីល្អស្លាប់ បាត់លំនឹង និងធ្វើឱ្យបាត់តេរីមិនល្អកើនឡើង អាចឡើងស្ងួត បាត់សំណើម និងរមាស់ជាដើម។ ស្បែកនៅកន្លែងទ្វារមាសស្តើងខ្លាំង អ្នកខ្លះគាត់ប្រើតែសំឡីអនាម័យ នៅឡើងកន្ទួលជារៀងរាល់ខែ ចុះល្មមយើងប្រើសាប៊ូក្លិនក្រអូបគីមីរាល់ថ្ងៃ?


បើអ្នកចង់ប្រើ ព្រោះមានអារម្មណ៍មិនស្រណុកព្យាយាមប្រើសាប៊ូដែលមិនមានក្លិនក្រអូបគីមី ឬ ស្រាល ឬ តែបន្តិចគ្រាន់តែអូសលាងពីមុនទៅក្រោយ (កុំលាង ឬ ជូតសម្អាតទ្វារមាសពីក្រោយទៅមុខ ព្រោះបាក់តេរីអាចដោយមកពីរន្ធគូទ) មួយ ឬ ពីរដង ហើយលាងទឹកស្អាតជ្រះល្អ។ ការលាងសម្អាតសំខាន់គឺ នៅបបេរធំ ប្រដាប់ភេទមនុស្សស្រីព្រោះវាអាចមានកំណកសៗរបស់ធ្លាក់សជាប់ ក្រៅពីហ្នឹងគឺមិនចាំបាច់ អ្នកទាំងអស់គ្នាមិនត្រូវលូកម្រាមដៃលាងក្នុងទ្វារមាសឡើយ។ សម្អាតហើយកុំភ្លេចមានកន្សែងស្អាតមួយទុកជូតប្រដាប់ភេទឱ្យស្ងួតល្អ!


តោ៎ះ! មកថែទាំខោក្នុងមិចជាប្រចាំ?

- ព្យាយាមបោកវាផ្សេងពីខោអាវដទៃ ជាពិសេសកុំបោកវាជាមួយស្រោមជើង។ ហាលវាឆ្ងាយពិស្រោមជើងដូចគ្នា។

- បើបោកខោក្នុងដោយដៃកាន់តែល្អ ព្រោះវាជួយឱ្យសាច់ក្រណាត់វាមិនឆាប់ចាស់ (បោកឱ្យសព្វល្អណា៎! កុំបោកឱ្យតែរួចពីដៃ)។

- បើអាចប្រើសាប៊ូដែលមិនមានសារជាតិក្រអូបគីមី និងមិនគួរប្រើទឹកក្រអូបឡើយ។ និយាយទៅ អត់ចាំបាច់!

- ហាលឱ្យស្ងួតល្អចំថ្ងៃ និងអាចអ៊ុតវានឹងឆ្នាំងអ៊ុត ឬ ប្រើចំហាយក្តៅបាន (ឱ្យស្ងួតល្អ) ដើម្បីសម្លាប់បាក់តេរីបន្ថែមបាន។

- ទុកដាក់ក្នុងទូដែលមិនមានធូលី និងបិទជិតល្អ មើលជុំវិញកែមទូផង ថាតើមានធូលីដែលឬទេ បើមានព្យាយាមជូតសម្អាតឱ្យបានស្អាតល្អ។

- បើឃើញក្រណាត់ខោមានឡើងអុចខ្មៅៗ សូមឈប់ប្រើប្រាស់វាតទៅទៀត។ គេហៅ អាចម៍អណ្តើក!

- បើអាច អ្នកគួរដូរខោក្នុងថ្មីរៀងរាល់ឆ្នាំ។

- ជាពិសេស ចុងក្រោយចូរពាក់ខោក្នុងដែលត្រូវនឹងទំហំខ្លួនរបស់អ្នក និងមានផាសុខភាព។


ធ្វើបានតែប៉ុនហ្នឹង អេម៎បាត់! ធ្វើវាឱ្យក្លាយជាទម្លាប់ មានអីពិបាក? ដូចតែដុសធ្មេញចឹង ម្តងហើយម្តងទៀត ម្តងហើយម្តងទៀតទាល់តែក្លាយជាទម្លាប់ល្អ ដើម្បីសុខភាព និងសុខុមាលភាពរបស់យើង។


ជួបគ្នានៅប៊ុកក្រោយ!

184 views0 comments

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page